នៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា បច្ចុប្បន្នសិស្សានុសិស្សកម្ពុជាភាគច្រើនគឺកំពុងតែមានអនរក្ខកម្មក្នុងការប្រើប្រាស់ ទូរស័ព្ទដៃឱ្យបានត្រឹមត្រូវការសិក្សារៀនសូត្រ។ យោងតាមប្រសាសន៍របស់នាយកសាលារៀនមួយចំនួនបាន ប្រាប់ក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំស្ទែមថា “សិស្សភាគច្រើនប្រើប្រាស់ ទូរស័ព្ទទៅលើការលេងហ្គេមអនឡាញ និងការប្រើប្រាស់លើមាតិកាកំសាន្តលើបណ្តាញសង្គមច្រើនជាង ប្រើប្រាស់លើការសិក្សារៀនសូត្រ។” ហេតុអ្វីបានជាសិស្សត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងការសិក្សារៀនសូត្រ?
នៅក្នុងបរិបទនៃការសិក្សាតាមបែបសតវត្សរ៍ទី២១ សិស្សមិនគួរមករៀនដោយគ្រាន់តែអង្គុយហើយស្តាប់គ្រូ បង្រៀនតែម្យ៉ាងទេ គឺពួកគេត្រូវស្វែងយល់់ពីខ្លឹមសារមេរៀនឱ្យបានច្រើន ស៊ីជម្រៅមុនពេលមកដល់ក្នុងថ្នាក់ ដើម្បីពង្រីកចំណេះដឹងមូលដ្ឋាន ស្វែងយល់ពីមេរៀនថ្មីប្រចាំថ្ងៃ មុនពេលមកដល់ក្នុងថ្នាក់។

លោកគ្រូ ឆាយ សុភារុណ គ្រូបង្រៀនគណិតវិទ្យានៅវិទ្យាល័យសំឡូតបានលើកឡើងថា៖ “ការរៀនដោយ ប្រើប្រាស់ទូរស័ព្ទដៃជាជំនួយ សិស្សានុសិស្សរបស់គាត់យល់ពីខ្លឹមសារមេរៀនបានរហ័សជាងការសិក្សាតាម បែបប្រពៃណី” លោកគ្រូក៏បានបញ្ជាក់ប្រាប់ក្រុមការងារថា៖
- ចំណេញពេលវេលា៖ ថ្នាក់រៀនគណិតវិទ្យាគឺទាមទារឱ្យអនុវត្តមេរៀនបានច្រើននៅក្នុងថ្នាក់ ប៉ុន្តែ ដោយសារតែពេលវេលាមានកំណត់ សិស្សត្រូវការពេលវេលាបន្ថែមដើម្បីបញ្ចប់សកម្មភាពនៅក្នុង ថ្នាក់។ ការប្រើគំរូថ្នាក់រៀនត្រឡប់ ឱ្យសិស្សអនុវត្តលំហាត់នៅក្នុងថ្នាក់បានច្រើនជាងមុន។
- លើកកម្ពស់បំណិនការគិតស៊ីជម្រៅ៖ សិស្សានុសិស្សបានអានស្វែងយល់ខ្លឹមសារមេរៀនមុនពេលមកដល់ក្នុងថ្នាក់ កត់សម្គាល់ចំណុច សំខាន់ៗ អាចស្វែងយល់ខ្លឹមសារមេរៀនពីប្រភពផ្សេងៗ អាចវិភាគខ្លឹមសារ ហើយបានស្រាយ ចម្ងល់នោះដោយខ្លួនឯងមុនពេលមកដល់ក្នុងថ្នាក់រៀន។
- បង្ករឱកាសឱ្យសិស្សបានរៀនអ្វីថ្មី៖ សិស្សបានប្រើប្រាស់វិធីសាស្រ្តនៃការសិក្សាតាមបែបស្ថាបនា និយម ការសិក្សាបែបសហការ ការធ្វើការងារជាដៃគូ និងពិភាក្សាក្រុមតូច និងធ្វើឱ្យបរិយាកាសថ្នាក់ រៀនកាន់តែសកម្ម។
ដោយសារតែទូរស័ព្ទដៃមានសារៈប្រយោជន៍ជាច្រើនក្នុងវិស័យអប់រំ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និង អាណាព្យាបាលសិស្ស គួរតែស្វែងរកយុទ្ធវិធី គាំទ្រការសិក្សាដោយប្រើប្រាស់ទូរស័ព្ទដៃឱ្យបានច្រើននៅក្នុង សាលានិងក្នុងថ្នាក់រៀន។ នៅកម្រិតសាលារៀន និងសហគមអាណាព្យាបាលសិស្សគួរជួបពិភាក្សាគ្នាដើម្បី រកមធ្យោបាយគាំទ្រការប្រើប្រាស់ទូរស័ព្ទដៃក្នុងការសិក្សាតាមបែបឌីជីថល។