ការតភ្ជាប់ API រវាងកម្មវិធី STTC និងប្រព័ន្ធ CPDMIS របស់ក្រសួងអប់រំ យុវជន​ និងកីឡា

ខែ​កក្កដា 28, 2025

យើងមានសេចក្ដីរីករាយជូនដំណឹងថា ក្រុមហ៊ុន EMCAST បានទទួលការអនុម័តជាផ្លូវការពីនាយកដ្ឋានកិច្ចការវិក្រឹតការ(TDD) នៃក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដំណើរការ ការតភ្ជាប់ API ពីថ្នាល STTC ទៅកាន់ប្រព័ន្ធ CPDMIS។ ការតភ្ជាប់នេះនឹងអនុញ្ញាតឱ្យអ្នកចូលរួមទទួលការបណ្ដុះបណ្ដាលអាចដាក់ពាក្យស្នើសុំក្រេឌីតបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យនៅលើថ្នាល STTC។

យុទ្ធនាការនេះមានគោលបំណងបង្កើនប្រសិទ្ធភាព និងតម្លាភាព នៃប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀននៅកម្ពុជា។ នៅពេលការតភ្ជាប់ API ត្រូវបានអនុវត្តវានឹងអាចធ្វើឱ្យកំណត់ត្រាបណ្ដុះបណ្ដាលលើថ្នាល STTC របស់ EMCAST ត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិទៅប្រព័ន្ធ CPDMIS។ ជាលទ្ធផល គ្រូអាចដាក់សំណើរស្នើរសុំក្រេឌីតដោយផ្ទាល់បានភ្លាមៗតាមរយៈប្រព័ន្ធឌីជីល ដោយគ្មានការបំពេញបែបបទរដ្ឋបាលច្រើនដូចមុន។

ប្រព័ន្ធនេះនឹងជួយកាត់បន្ថយដំណើរការកិច្ចការដ្ឋបាលដោយដៃ បង្កើនភាពសុត្រិតនៃទិន្នន័យ និងផ្តល់នូវការតាមដានលទ្ធផលបណ្ដុះបណ្ដាលគ្រូបង្រៀនជាក់ស្តែងក្នុងពេលវេលាពិតប្រាកដ ហើយប្រការនេះក៏បានគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន ​និងកីឡា លើការផ្លាស់ប្តូរប្រព័ន្ធអប់រំតាមបែបឌីជីថល។​

បច្ចុប្បន្នយើងកំពុងសម្របសម្រួលនូវដំណើរការអនុវត្តផ្នែកបច្ចេកទេស និងសម្របសម្រួលថ្នាលទាំងពីរដើម្បីធានាការទំនាក់ទំនងរលូន និងសុវត្ថិភាពទិន្នន័យរវាង STTC និង CPDMIS។ ការតភ្ជាប់ API នេះគឺជាចំណុចសំខាន់មួយក្នុងការជម្រុញដល់ដំណោះស្រាយបច្ចេកវិទ្យាដែលអាចពង្រីកបានសម្រាប់ អភិវឌ្ឍន៍គ្រូបង្រៀននៅកម្ពុជា។

EMCAST នៅតែប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀននៅកម្ពុជា តាមរយៈដំណោះស្រាយឌីជីថល ដែលអាចគាំពារ និងមានចីរភាព។ យើងរង់ចាំក្នុងការចែករំលែកអំពីវឌ្ឍនភាពនានារបស់ការតភ្ជាប់នេះ និងបន្តគាំទ្រទៅលើការសិក្សាពេញមួយជីវិតរបស់គ្រូបង្រៀនតាមរយៈថ្នាលថ្មីៗ និងច្នៃប្រឌិត។