មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំស្ទែមបានបើកវគ្គសិក្ខាសាលាស្តីពី EMCAST STTC CPD ជូនគ្រូបង្រៀននៅក្នុងច្បាមន និងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ នៅក្នុងមេរៀនមួយនៃអង្គសិក្ខាសាលា គឺជាខ្លឹមសារដែលផ្តោតទៅលើការសិក្សាផ្តោតលើសមត្ថភាពសិស្ស ដោយប្រើប្រាស់គំរូថ្នាក់រៀនត្រឡប់នៅលើការបង្រៀន។

នៅក្នុងការពិភាក្សាក្រុមតូច សិក្ខាកាមរបស់យើងបានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាអំពី “តើអ្វីទៅជាគំរូថ្នាក់រៀនត្រឡប់? តើគ្រួមានតួនាទីដូចម្តេច? ហើយសិស្សមានតួនាទីដូចម្តេច?” ហើយបន្ទាប់ពីបញ្ចប់ការពិភាក្សាពួកគាត់បាន ចែករំលែកការយល់ឃើញរបស់ពួកគាត់ទៅលើការពិភាក្សាខាងលើយ៉ាងផុសផុល (ដូចក្នុងរូបគោលគំនិតនៃការពិភាក្សាខាងលើ)។ នៅអំឡុងពេលបកស្រាយ លោកគ្រូអ្នកគ្រូបានរំលេចឡើង នូវចំណុចវិជ្ជមានជាច្រើន និងចំណុចអវិជ្ជមានមួយចំនួនអំពីការអនុវត្តគំរូថ្នាក់រៀនត្រឡប់។
- សារៈប្រយោជន៍៖
សិស្សានុសិស្សគឺបានអានឯកសារ រឺមើលវីដេអូដែលគ្រូផ្តល់ឱ្យមុនពេលចូលមកដល់ក្នុងថ្នាក់រៀន ដើម្បីឱ្យពួកគេបានស្វែងយល់មេរៀនមុននិងបានកត់ត្រាចំនុចសំខាន់ៗដែលគេពុំទាន់បានយល់ច្បាស់។ ពេលមកដល់ក្នុងថ្នាក់វិញគ្រូបង្រៀនគ្រាន់តែសម្របសម្រួលខ្លឹមសារនិងបញ្ច្រាបបន្ថែមនូវអ្វីដែលសិស្សបានឆ្ងល់ ។ ការអនុវត្តវិធីសាស្ត្រនេះគឺជួយឱ្យសិស្សមានការគិតស៊ីជម្រៅជាងមុនលើកកម្ពស់សមត្ថភាពសិស្ស និងទទួលបានលទ្ធផលសិក្សាល្អជាងការបង្រៀនតាមបែបប្រពៃណី។ថ្វីត្បិដវាមានគុណសម្បត្តិច្រើនក៏ពិត មែនពិតតែវាក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ។
- បញ្ហាប្រឈម៖
នៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ឥរិយាបទនៃការរៀនរបស់សិស្សនាពេលបច្ចុប្បន្នគឺមិនសូវជាខុសគ្នាទេ។ គ្មានវិធីសាស្រ្តណាល្អឥតខ្ចោះនៅពេលដែលមានកត្តាជាច្រើនមិនអាចសមសម្របក្នុងការអនុវត្តវិធីនោះដូចជា៖
១. សិស្សមិនមានទូរស័ព្ទប្រើប្រាស់ និងគ្មានសេវាអ៊ិនធឺណិត
២.សមត្ថភាពគ្រូប្រហែលជានៅមានកម្រិតក្នុងការអនុវត្តវិធីសាស្ត្រនោះ
៣.សហគមនិងអាណាព្យាបាលសិស្សពុំគាំទ្រក្នុងការប្រើប្រាស់វិធីសាស្ត្រនោះ
៤.បរិស្ថានសិក្សា និងបរិក្ខាមិនគាំទ្រក្នុងការសិក្សាតាមបែបសិស្សមជ្ឈមណ្ឌល
នៅពេលដែលគ្រូព្យាយាមអនុវត្តវិធីសាស្ត្រថ្មីតែម្នាក់ឯង គ្រូអាចនឹងទទួលបានអារម្មណ៍ថាខ្វះការគាំទ្រគណៈនាយក អាព្យាបាលសិស្ស សហគម និងសិស្ស ព្រោះវាហាក់ដូចជាប្លែកពីគេនៅក្នុងសាលា។ នៅពេលដែលខ្វះការគាំទ្រ គ្រូបាត់បង់ឆន្ទៈក្នុងការអនុវត្តគំរូថ្នាក់រៀនត្រឡប់ជាក់ជាពុំខាន។

អ្នកគ្រូ ហន ស៊ីណារ៉ា គ្រូបង្រៀនគណិតវិទ្យានៅសាលារៀន អនុវិទ្យាល័យ វត្តក្នុង នៅរាជធានីភ្នំពេញបានលើកឡើងថា៖ “ ខ្ញុំព្យាយាមអនុត្តគំរូថ្នាក់រៀនត្រឡប់ Flipped Learning ជាមួយសិស្សដែលសកម្មក្នុងការរៀនសូត្រ តាមវិធីសាស្រ្តនេះសិន”
អ្នកគ្រូព្យាយាមពន្យល់សិស្សានុសិស្សអំពីអត្ថប្រយោជន៍នៃការសិក្សាតាមគំរូថ្នាក់រៀនត្រឡប់ដោយមើលវីដេអូគោលគំនិតដែលគ្រូផ្តល់ឱ្យ។ អ្នកគ្រូបានអនុវត្តសាកល្បងជាមួយក្រុមសិស្សថ្នាក់ទី៩ ចំនួនពីរថ្នាក់ផ្សេងគ្នា។ តែដោយសារតែសិស្សគ្មានទូរស័ព្ទដៃប្រើប្រាស់គ្រប់គ្នាអ្នកគ្រូក៏បានបង្កើតវីដេអូគោល គនិតហើយបង្ហោះវាទៅក្នុងគណនេយ្យយូធូបផ្ទាល់ខ្លួនរបស់អ្នកក្រូ បន្ទាប់មកចែករំលែងតំណភ្ជាប់មាតិកាខ្លឹមសារដែលបានបង្ហោះជូនសិស្សតាមក្រុមតេឡេក្រាមថ្នាក់រៀន។ អ្នកគ្រូមិនរំពឹងទេថា សិស្សរបស់អ្នកគ្រូ នឹងមើលវីដេអូគោលគំនិត មុនពេលមករៀននៅក្នុងថ្នាក់ ព្រោះអ្នកគ្រូបានដឹងអំពីបញ្ហាទាំងនោះរួចហើយថាវាប្រហែលជាមិនអាចទៅរួចតែ វាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះអ្នកគ្រូបានឃើញចំនួនសិស្សចូលទស្សនាវីដេគឺមានរហូតដល់៨០%នៃចំនួនសិស្សសរុបទាំងពីថ្នាក់និងពួកគេបានធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឱ្យផងដែរ។
សំខាន់ត្រូវដឹងថាបើយើងព្យាយាមធ្វើអ្វីដែលថ្មីហើយជោគជ័យត្រឹមតែ ១% នោះមិនអីទេ សូមបន្តធ្វើវា។ នៅពេលអ្នកបន្តព្យាយាម លទ្ធផលរបស់អ្នកនឹងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រូបង្រៀនមានអំណាចក្នុងការជំរុញសិស្សឱ្យប្រើទូរស័ព្ទដៃតាមរបៀបត្រឹមត្រូវសម្រាប់ការសិក្សា និងស្វែងរកព័ត៌មានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សិស្សនៅសតវត្សរ៍ទី ២១ គួរតែមានភាពល្អប្រសើរឡើងក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្វែងរកព័ត៌មាន និងដោះស្រាយបញ្ហាដែលផ្តល់ដោយគ្រូរបស់ពួកគេ។